គោរពមេ
«គោរពមេ» កំពុងឆ្លុះបញ្ចាំងពីសង្គមអែបអបមួយ។ «គោរពមេ» បានក្លាយជាទ្រឹស្តីដ៏ពេញនិយមមួយនៅក្នុងជីវិតប្រចាំថ្ងៃនៅកម្ពុជា។ ពាក្យនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ។ សូម្បីតែនៅតាមភោជនីយដ្ឋាន តាមហាងកាហ្វេឬតាមហាងខារ៉ាអូខេក៏គេឮពាក្យ «គោរពមេ» នេះដែរ។ អ្នកសន្តិសុខខាងក្រៅហាងទំនើបៗច្រើនប្រើប្រាស់ពាក្យ«គោរពមេ»នេះ ដើម្បីបង្ហាញការគោរពរបស់ខ្លួនចំពោះអតិថិជននិងដើម្បីធ្វើឱ្យអតិថិជនសប្បាយចិត្តផង។ នេះអាចមកពីពួកគាត់ចង់បង្ហាញការគោរពអតិថិជនប្រៀបដូចជាមេរបស់ខ្លួន ដូចទ្រឹស្តីជំនួញដែលថា «អតិថិជនគឺជាស្តេច»។ ពេលខ្លះអតិថិជនក៏សប្បាយចិត្តហើយ ក៏អាចធ្លាក់លុយធីបបានច្រើន។
ប៉ុន្តែពេលខ្លះពាក្យ «គោរពមេ» នេះអាចជាកាយវិការមួយនៃការអែបអបរបស់មនុស្សដើម្បីបុណ្យសក្តិឬដើម្បីលាភសក្ការៈជាដើម។ ជាទូទៅគេសង្កេតឃើញថា មនុស្សដែលនិយាយ «គោរពមេ» នេះយ៉ាងពីរោះច្រើនតែមិនសូវពូកែធ្វើការទេ ច្រើនតែពួូកែអែបអបប៉ុណ្ណោះ។ អ្នកធំមួយចំនួនចូលចិត្តស្តាប់ពាក្យពីរោះនិងបញ្ចើចបញ្ចើច្រើនជាងស្តាប់ការពិតនិងសកម្មភាពជាក់ស្តែងប្រកបដោយការទទួលខុសត្រូវរបស់បុគ្គលិកក្រោមបង្គាប់។
ដូច្នេះពេលខ្លះមនុស្សពូកែធ្វើ ប៉ុន្តែមិនពូកែនិយាយនោះ មិនមានតម្លៃស្មើនឹងមនុស្សពូកែអែបអបនិងពូកែប្រើពាក្យ«គោរពមេ»នេះ។ ក្នុងករណីដែលជួបនឹងមេបែបនេះ អ្នកធ្វើការពិតប្រាកដដែលមិនពូកែអែបអបនោះ មិនទទួលបានការសរសើរឬការលើកទឹកចិត្តទេ ប៉ុន្តែបានត្រឹមតែឈឺចាប់ប៉ុណ្ណោះ។ នៅក្នុងការងារ គេត្រូវនិយាយអំពីលទ្ធផលការងារជាក់ស្តែងនិងការទទួលខុសត្រូវជាជាងការទទួលយកការអែបអបរបស់មនុស្ស។ មេដឹកនាំដែលទទួលស្គាល់លទ្ធផលការងារជាក់ស្តែងរបស់បុគ្គលិកនឹងទទួលបានការគោរពពិតប្រាកដ និងចេញពីបេះដូងរបស់បុគ្គលិក។ ផ្ទុយមកវិញ មេដឹកនាំដែលសប្បាយនឹងពាក្យអែបអបបានទទួលត្រឹមតែការគោរពតែសំបកខាងក្រៅរបស់មនុស្សពូកែនិយាយមិនពូកែធ្វើប៉ុណ្ណោះ។ គេក៏ធ្លាប់សង្កេតឃើញដែរមនុស្សបែបនេះនឹងលែងគោរពមេដឹកនាំបែបនេះដែរ នៅពេលដែលមេដឹកនាំនេះត្រូវបានផ្ទេរមុខតំណែងឬចូលនិវត្តន៍។ មេដឹកនាំបែបនេះក៏ឈឺចាប់ខ្លាំងនឹងអតីតកូនចៅដែលពូកែអែបអបនេះដែរ។
ដូច្នេះមេដឹកនាំទាំងឡាយត្រូវប្រយត្នចំពោះមនុស្សពូកែនិយាយពាក្យ «គោរពមេ» នេះឱ្យបានច្រើនជាជាងសប្បាយចិត្តនឹងការឮពាក្យនេះ។ ចំណែកមនុស្សទូទៅក៏មិនគួរប្រើប្រាស់ភាពអែបអបបញ្ចើចបញ្ចើដើម្បីទទួលបានផលជាលាភសក្ការៈឬការឡើងបុណ្យសក្តិឡើយ។ គេត្រូវនាំគ្នាពង្រឹងសមត្ថភាព និងចំណេះហើយបំពេញការងារប្រកបដោយការទទួលខុសត្រូវដើម្បីភាពរីកចម្រើនរបស់ខ្លួនឯងផងនិងដើម្បីសង្គមជាតិទាំងមូលផង។
សង្គមនឹងមិនអាចរីកចម្រើនបានឡើយ ប្រសិនបើសម្បូរតែមនុស្សពូកែអែបអបដែលមិនចេះធ្វើអ្វីលេចចេញជាផ្លែផ្កាជាក់ស្តែង។ ប៉ុន្តែសង្គមនឹងកាន់តែរីកចម្រើន ប្រសិនបើសម្បូរមនុស្សដែលពូកែធ្វើការងារនិងប្រកបដោយចំណេះដឹង។ សង្គមកម្ពុជាកំពុងតែមានការផ្លាស់ប្តូរទៅរកភាពកាន់តែល្អប្រសើរ ហើយសម័យកាលនៃការអែបអបក៏នឹងចាប់ផ្តើមបាត់ឥទ្ឋិពលរបស់វាជាបណ្តើរៗដែរ។ ប៉ុន្តែបើយើងមិនព្រមលះបង់វាចោលឱ្យគ្រប់គ្នាទេនោះ វានឹងនៅតែតាមលងយើងគ្រប់គ្នាហើយធ្វើឱ្យរាំងស្ទះដល់ការរីកចម្រើនរបស់មនុស្សនិងសង្គម៕
credit facebook ទូច គីមស្រ៊ាង
Comments
Post a Comment