ចចក ពពែ និង ឆ្កែ រួមទាំងសត្វដទៃទៀត

រសៀលមួយមានពពែមួយក្បាលកំពុងរត់លេងលើជម្រាលភ្នំ ស្រាប់តែមានឆ្កែចចកមួយក្បាលលោតចេញពីដើមឈើបម្រុងស៊ីពពែ

– ពពែ ខំរត់ផង យកស្នែងតតាំងផង ស្រែកខ្លាំងផងដើម្បីឱ្យមិត្តភក្ដិមកជួយ…

– គោ ក្រឡេកទៅឃើញចចកក៏រត់បាត់ទៅ

– សេះ ឱនមើលឃើញចចកក៏ដាក់មេផាយបាត់ទៅ

– សត្វលាបានឈប់បន្តិច ដឹងថាមានចចកក៏លួចចុះពីភ្នំស្ងាត់ៗបាត់ទៅ

– ជ្រូក ដើរកាត់ គ្រាន់តែឃើញចចកបោលចុះពីភ្នំបាត់ទៅ

– ទន្សាយ គ្រាន់តែស្តាប់ឮថាចចករត់លឿនដូចជាព្រួញបាត់ស្រមោលឈឹងទៅ

– ឆ្កែ នៅឯជើងភ្នំ គ្រាន់តែឮសំឡេងពពែស្រែកសុំជំនួយភ្លាម ក៏ប្រញាប់រត់ឡើងភ្នំទៅជួយមិត្តដោយមិនគិតពីគ្រោះថ្នាក់អ្វីទាំងអស់ លោតទៅខាំបំពង់កចចក ចចកឈឺក៏ស្រែកយ៉ាងខ្លាំង ឆ្លៀតពេលឆ្កែកំពុងដង្ហក់ ក៏រត់គេចខ្លួនទាំងភ័យខ្លាចបាត់ទៅ។

– ពពែ ត្រឡប់ដល់ផ្ទះវិញ មិត្តភក្ដិទាំងអស់បានមកសួរសុខទុក្ខ

– គោ និយាយថា៖ ម៉េចមិនប្រាប់ខ្ញុំ ស្នែងរបស់ខ្ញុំអាចចាក់ពោះវាឱ្យធ្លាយចេញពោះវៀនមកក្រៅបានណា!

– សេះថា៖ ម៉េចមិនប្រាប់ខ្ញុំ ជើងខ្ញុំអាចធាក់វាឱ្យធ្លាយខួរបានណា!

– សត្វលាថា៖ ម៉េចមិនប្រាប់ខ្ញុំ សំឡេងខ្ញុំអាចធ្វើឱ្យវាភ័យបែកប្រមាត់បានណា!

– ជ្រូកថា៖ ម៉េចមិនប្រាប់ខ្ញុំ ខ្ញុំនឹងឈ្មុសវាឱ្យរមៀលធ្លាក់ពីលើភ្នំបានណា!

– ទន្សាយថា៖ ម៉េចមិនប្រាប់ខ្ញុំ ខ្ញុំរត់បានលឿនអាចទៅផ្តល់ដំណឹងឱ្យបងប្អូនយើងដឹងបានណា!

ពួកគេនាំគ្នាស្រែកឆោឡោម្តងម្នាក់ គឺមានតែសត្វឆ្កែ?ទេដែរនៅស្ងៀមមិនចេញស្តី។

#គំនិតអប់រំ ៖ មិត្តភាពពិតប្រាកដមិនត្រូវការសម្តីពីរោះពិសានោះទេ ប៉ុន្តែនៅពេលដែលចាំបាច់គឺជាអ្នកហុចដៃចាំជួយទាញអ្នកនោះហើយ អ្នកដែលធ្វើឱ្យអ្នកសប្បាយចិត្តរាល់ថ្ងៃខ្លះក៏មិនប្រាកដថាគេជាមិត្តពិតប្រាកដរបស់អ្នកឡើយ៕

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?