ពេលបណ្ឌិត ប៉ះជាមួយអ្នកចែវទូកប្រជែងចំណេះដឹងគ្នា នៅកណ្តាលទន្លេ តើមួយណាខ្លាំងជាង?

សូមបន្តនាំមកជូនប្រិយមិត្តនូវរឿងនិទានដែលគេដំណាលតគ្នាដែលមានតម្លៃអប់រំសម្រាប់ពិចារណាជាប្រយោជន៍ក្នុងការរស់នៅ។

ដំណាលរឿង៖ ថ្ងៃមួយមានលោកបណ្ឌិតម្នាក់បានទៅកំពង់ទូកចម្លងដើម្បីឆ្លងទៅឯត្រើយម្ខាងទៀត។ ពេលទៅដល់ឃើញទូកមួយកំពុងសំចតក៏ស្រែកហៅម្ចាស់ទូក។

បណ្ឌិត៖ អេ! លោកអ្នកម្ចាស់ទូកនៅទេ ខ្ញុំត្រូវការជួល!

ម្ចាស់ទូក៖ បាទបង! ខ្ញុំនៅនេះ! បងចង់ទៅណាដែរ?

បណ្ឌិត៖ នែលោក! កុំហៅខ្ញុំថាបង! ខ្ញុំនេះទើបបញ្ចប់បណ្ឌិតពីក្រៅស្រុក! ត្រឹមលោកជាអ្នកចែវទូក ហេតុអ្វីមិនចេះគួរសម? ត្រូវហៅខ្ញុំថាលោកបណ្ឌិត!

ម្ចាស់ទូក៖ បាទ សូមគោរពលោកបណ្ឌិត! ពិតជាកិត្តិយសខ្ញុំណាស់ដែលបានជួបលោក! តើលោកបណ្ឌិតចង់ទៅណាដែរ?

បណ្ឌិត៖ ជួយចម្លងខ្ញុំទៅត្រើយម្ខាងបន្តិច ចង់បានប៉ុន្មានដែរ?

ម្ចាស់ទូក៖​ មិនអីទេ ចាំទៅដល់ស្រេចតែលោកបណ្ឌិតឱ្យប៉ុន្មានក៏បាន ខ្ញុំមិនហ៊ានកាត់ថ្លៃទេ!

បណ្ឌិតនោះងក់ក្បាល ឡើងទូក ហើយម្ចាស់ទូកក៏ចែវជូនបណ្ឌិតចេញទៅ។ បានដល់ពាក់កណ្ដាលទន្លេបណ្ឌិតអផ្សុកពេក ក៏ជជែកលេងនឹងម្ចាស់ទូក៖

បណ្ឌិត៖ មើលបងម្ចាស់ទូក! បងឯងហេតុអីបានធ្លាក់ខ្លួនមកធ្វើការបែបនេះ? បងមិនដែលចូលសាលារៀនទេមែនទេ? ខ្ញុំសួរបន្តិចមើលបងធ្លាប់រៀនគណិតវិទ្យាទេ?

ម្ចាស់ទូក៖​ បាទដោយសារខ្ញុំមិនបានចូលសាលាទើបមិនចេះអ្វី បានត្រឹមតែចែវទូក។ ខ្ញុំមិនចេះសូម្បីគុណចែកលេខផងលោកបណ្ឌិត!

បណ្ឌិត៖ ពុទ្ធោប៉ុណ្ណឹងក៏មិនចេះដែរ! ចុះលោកធ្លាប់រៀនគីមីវិទ្យា ឬរូបវិទ្យាទេ?

ម្ចាស់ទូក៖​ អាណឹងសូម្បីឮក៏មិនធ្លាប់ឮផងលោក កុំថាឡើយរៀន!

បណ្ឌិត៖ ​ខ្ញុំទើបតែដឹងថានៅស្រុកយើងមនុស្សនៅល្ងង់ច្រើនណាស់! ចុះលោកដែលរៀនអក្សរសាស្រ្ដអត់?

ម្ចាស់ទូក៖ លោកបណ្ឌិតអើយ ខ្ញុំមិនដែលរៀនអក្សរសាស្ដ្រអីទេ! ពេលនេះអានក៏មិនដាច់ សរសេរក៏មិនចេញដែរ!

បណ្ឌិត៖ ខ្ញុំពិតជាអាណិតលោកណាស់ មើលទៅជីវិតលោកហាក់ដូចជាបាត់បង់ស្ទើរ ៨០% ហើយ ព្រោះមានតែសម្បកខ្លួនប្រហោងក្នុងគ្មានចំណេះអ្វីសោះ។

ម្ចាស់ទូក៖ លោកបណ្ឌិតនិយាយត្រូវ។ ខ្ញុំសូមសួរលោកវិញ តែមួយសំណួរទេ។

បណ្ឌិត៖ ចង់សួរ ១០០ សំណួរក៏បាន! អ្វីក៏ខ្ញុំចេះដែរ!

ម្ចាស់ទូក៖ តើលោកចេះហែលទឹកទេ?

បណ្ឌិត៖ សួរនេះពិតជាគ្មានបានការមែន! ខ្ញុំជាបណ្ឌិតអ្នករៀនអ្នកសូត្រ ចេះក្បួនតម្រាគ្រប់បែប ទៅមានពេលឯណាខ្ជះខ្ជាយទៅហែលទឹកដូចអ្នកនៅទន្លេនោះ? លោកខ្វះសំណួរសួរឬ? ល្ងង់ហើយសួរបែបល្ងង់ទៀត!

ម្ចាស់ទូក៖ បាទសូមទោសលោកបណ្ឌិត! តែបើតាមមើលទៅលោកបណ្ឌិតអាចនឹងបាត់បង់ជីវិត ១០០% ហើយអ៊ីចឹងព្រោះទូកនេះកំពុងតែជ្រាបទឹកពីក្រោមបាត យ៉ាងយូរមួយនាទីទៀតប្រាកដជាលិច។ សង្ឃឹមថាលោកអាចប្រើប្រាស់ចំណេះឥតព្រំដែនលោកជួយសង្គ្រោះខ្លួន ហើយកុំពឹងខ្ញុំឱ្យសោះ ព្រោះមនុស្សល្ងង់ខ្លៅដូចខ្ញុំមិនសមនឹងជួយមនុស្សឆ្លាតដូចលោកឡើយ!!!

ក្រោយមកវាសនាបណ្ឌិតនោះទៅជាយ៉ាងណា ប្រិយមិត្តអាចនឹងទាយដឹងហើយ!

តម្លៃអប់រំ៖ ប្រិយមិត្តច្បាស់ជាអាចកាត់យល់ដោយខ្លួនឯងបានថា មនុស្សមិនត្រូវមើលងាយមនុស្សឡើយដោយសារមនុស្សម្នាក់ៗមានគុណសម្បត្តិនិងគុណវិបត្តិរៀងខ្លួន។ បើទោះបីជាបណ្ឌិតចេះកប់មេឃក៏ពេលខ្លះត្រូវពឹងអ្នកចែវទូកដែលមិនចេះអ្វីដែលដូចករណីខាងលើ។

ហេតុនេះត្រូវចេះបន្ទាបបន្ទន់ខ្លួនកុំក្អេងក្អាងពេក ព្រោះថ្ងៃណាមួយយើងប្រាកដជាត្រូវការអ្នកដទៃជួយលើរឿងអ្វីមួយ ហើយគ្មាននរណាគេពេញចិត្តនឹងជួយមនុស្សក្អេងក្អាងឡើយ! វាពិតជាអស្ចារ្យក្នុងការក្លាយជាបណ្ឌិត តែសូមធ្វើជាបណ្ឌិតដែលគេចង់ប្រាស្រ័យរក ចង់ពឹងពាក់ នឹងយកអាសារ ជាទីគោរពស្រឡាញ់ និងអាណិតពីអ្នកផងទាំងពួង!

ប្រភព៖ jbasnas

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?