ស្ថានភាពកម្ពុជាក្រោមមុនថ្ងៃ ០៤-មិថុនា-១៩៤៩

ដើម​ទស្សវត្សឆ្នាំ​1940 ខណៈ​ពេល​សង្គ្រាម​លោក​លើក​ទី២ កំពុង​កើត​ឡើង ជប៉ុន​វាយ​ឈ្នះ​បារាំង​នៅ​ឥណ្ឌូ​ចិន ហើយ​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​វៀត​ណាម ប្ដូរ​ឈ្មោះ​ប្រទេស​ទៅ​ជា ចក្រ​ភព​វៀត​ណាម (Empire of Vietnam) ដោយ​បូកបញ្ចូល ២​តំបន់ គឺ​វៀត​ណាម​ខាង​ជើង និង​វៀត​ណាម​កណ្ដាល នៅ​ថ្ងៃ​ទី11 ខែ​មីនា ឆ្នាំ​1945។

រីឯ​ទឹក​ដី​កម្ពុជា​ក្រោម (Cochinchine) មាន​របប​គ្រប់​គ្រង​​ផ្សេង ជប៉ុន​ទុក​ឲ្យ​បារាំង​គ្រប់​គ្រង​​បន្ត​ជា​បណ្ដោះ​អាសន្ន។ ក្រោយ​មក រដ្ឋាភិបាល​ថ្មី ចក្រ​ភព​វៀត​ណាម ដែល​មាន​លោក​នាយក​រដ្ឋ​មន្ត្រី ត្រឹង ទ្រុង គីម (Tran Trong Kim) ជា​តំណាង ទាមទារ​បារាំង​ប្រគាល់​ទឹក​ដី​កម្ពុជា​ក្រោម​ទាំង​មូល​ទៅ​គេ។ ដំបូង បារាំង​មាន​ចិត្ត​អល់អែក មិន​ចង់​ប្រគល់​ឲ្យ តែ​ដោយ​សារ​ខ្លាច​អំណាច​ជប៉ុង ក៏​សម្រេច​ប្រគល់​ឲ្យ​ដោយ​សន្តិ​វិធី នៅ​ថ្ងៃ​ទី14 ខែ​សីហា ឆ្នាំ​1945។

ត្រង់​ចំណុច​នេះ មាន​មតិបញ្ញវ័ន​វៀត​ណាម​ជា​ច្រើន​ចោទ​ថា​បារាំង​ចង់​បំ​បែក​បំបាក់​ជាតិ​សាសន៍យួន ចង់​ឲ្យ​យួន​ខាង​ត្បូងបង្កើត​ប្រទេស ផ្ដាច់​ចេញ​ពីមាតុ​ភូមិ​របស់​គេ រីឯ​ឯកសារ​ខ្លះ​និយាយ​ថា បារាំង​លើក​ហេតុ​ផលប្រវត្តិសាស្ត្រ ដែល​ថា Cochinchine ជា​អតីត​ទឹក​ដី​ខ្មែរ រីឯ​លោក ត្រឹង ទ្រុង គីម ដែល​ជាប្រវត្ត​វិទូ​ផង​នោះ មិន​បាន​បដិសេធ​ហេតុ​ផល​នេះ​ទេ តែ​គាត់​ប្រាប់​បារាំង​ថា ទុក​ឲ្យ​គាត់​ចរចា​រជា​មួយ​ខ្មែរ។

ប៉ុន្តែ​មិន​ទាន់​បាន​ចរចា​រ​ផង រដ្ឋាភិបាល​លោក គីម ក៏​រលាយ​ទៅ​វិញ​ជា​មួយ​ការ​ចាញ់​សង្គ្រាម​របស់​ជប៉ុន។ ទឹក​ដី Cochinchine (កម្ពុជា​ក្រោម) ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​​របស់​ទ័ព​អង់គ្លេស​វិញ​ម្ដង។

ឆ្លៀត​ឱកាស​នេះ ក្នុង​ខែ​សីហា ឆ្នាំ​1945 ចលនា​កុម្មុយនិស្ដ​របស់​លោក ហូ ជី មិញ ប្រកាស​ថា ពួក​គេប្លន់​បាន​អំណាច​ពី​ជប៉ុន​នៅ​ទី​ក្រុង ហា ណូយ ឬ​គេ​ហៅ​ថាបដិ​វត្ត​ខែ​សីហា​ទទួល​បាន​ជោគ​ជ័យ ហើយ​បង្កើត​រដ្ឋាភិបាល​ថ្មី​បែប​កុម្មុយនិស្ត មាន​ឈ្មោះ​ថា សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀត​ណាម។

ដល់​ខែ​តុលា ឆ្នាំ​1945 ដ​ដែល រដ្ឋាភិបាល​កុម្មុយនិស្ត​របស់​លោក ហូ ជី មិញ បើក​យុទ្ធនាការ​ឆ្ពោះមកទិស​ខាង​ត្បូង​ដើម្បី​ជំនួស​តួ​នាទី​​កង​ទ័ព​សម្ព័ន្ធ​មិត្ត​អង់គ្លេស។ ក្នុង​យុទ្ធនាការ​នេះ លោក ហូ ជី មិញ តែង​តាំង​មេ​ទ័ព​ម្នាក់ ឈ្មោះ ហ្វាង ឌិញ យុង (Hoang Dinh Giong) ជន​ជាតិ​តៃ ជា​អតីត​ចារកម្ម​អង់គ្លេស ឲ្យ​ដឹក​នាំ។ គាត់​នេះ មាន​ទំនាក់​​ទំនង​ល្អ​ជា​មួយ​ខ្មែរ​នៅ​ខេត្ត​ទឹក​ខ្មៅ ដោយ​សារ​គាត់​ធ្លាប់​ជួយ​ដោះ​លេង​ខ្មែរ​ដែល​ពួក​វៀត​មិញកៀង​ចូល​ជង្រុក​ស្រូវ​​ដើម្បី​ដុត​សម្លាប់។

ប៉ុន្តែ​ចលនា​កុម្មុយនិស្ត​ចូល​មក​កម្ពុជា​ក្រោម​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​បារាំង​ត្រឡប់​មក​វិញ ក្រុម​បញ្ញវ័នយួន​ខាង​ត្បូង អតីត​ទាហាន​បារាំង និង​ក្រុម​ចលនា​សាសនា​យួនមួួយ​ចំនួន​នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម​គាំទ្រ​បារាំង មើល​ទៅ​ខុស​ផ្លែកពីជន​ជាតិ​យួន​នៅ​តុុងកឹង និង​ក្រុង​ហ្វេ។ រីឯ​មិត្ត​សមាគម​ខ្មែរ​នៅ​ខេត្ត​ឃ្លាំ​ក៏​គាំទ្រ​បារាំង មិន​យូរ​ប៉ុន្មាន បារាំង​ក៏​គ្រប់​គ្រង​​បាន​ទី​ក្រុង​​ព្រៃ​នគរ ទី​ក្រុង​ធំៗ និង​ទីប្រជុំជន​សំខាន់។ ចលនា​កុម្មុយនិស្ត ត្រូវ​បាន​បារាំង​រុញ​ច្រាន​ឲ្យ​ចូល​ក្នុង​ព្រៃ និង​តំបន់​ចុង​កាត់​មាត់ញ៉ោក។

ចលនា​ប្រឆាំង​កុម្មុយនិស្ដល្បី​ជាង​គេ​ពេល​នោះ គឺ​ក្រុម​ជន​ជាតិ​វៀត​ណាម​កាន់​ព្រះ​ពុទ្ធ​សាសនា និកាយហ្វា​ហៅ (Hoa Hao) បង្កើត​ក្នុង​ឆ្នាំ​1939 នៅ​ខេត្ត​មាត់ជ្រូក ដឹក​នាំ​ដោយ​លោក ហ្វិញ ភូ សូ (Huynh Phu So)។ បន្ទាប់ គឺ​ក្រុម​កាន់​មហា​សាសនា (Cao Dai) បង្កើត​ក្នុង​ឆ្នាំ​1926 ដោយ​បញ្ញវ័ន​វៀត​ណាម​មួយ​ក្រុម។

ខ្មែរ​នៅ​កម្ពុជា​ក្រោម (ពេល​នោះ​គេ​ស្គាល់​តែ Cochinchine មិន​ទាន់​មាន​ឈ្មោះ​កម្ពុជា​ក្រោម​ទេ) បើ​តាម​ស្ថិតិ​បារាំង មាន​ចំនួន​មិន​ដល់​កន្លះលានទេ ប្រៀប​និង​ជន​ជាតិ​យួន​នៅ Cochinchine ប្រហែល ១៥លាន​នាក់។ ខ្មែរ​យើង​បង្កើត​បាន​មិត្ត​សមាគម​នៅ​ឃ្លាំង កាលពី​ឆ្នាំ​1939 ជា​អង្គការ​សង្គម​ស៊ី​វិល​ដំបូង មាន​ភាពស្និតស្នាលជា​មួយ​បារាំង តែ​មិន​ធ្វើ​នយោបាយ ហើយ​គ្រា​ដំបូង ក៏​មិន​ប្រឆាំង​កុម្មុយនិស្ត។ តែ​មិន​ដឹងមូល​ហេតុ​អី ចុង​ឆ្នាំ​1945 វៀត​មិញ ជារណសិរ្យ​ដឹក​នាំ​ដោយ​បក្ស​កុម្មុយនិស្ដ បង្កើត​យុទ្ធនាការ​សម្លាប់​ខ្មែរ ដូច​ចង់​សម្លាប់​ផ្ដាច់ពូជ​អ៊ីចឹង ធ្វើ​ឲ្យ​ខ្មែរ​គ្មាន​ជម្រើស​អ្វី​ផ្សេង ក្រៅ​ពី​គាំទ្រ​បារាំង។ ចាប់​ពី​ពេល​នោះ មាន​យុវជន​ខ្មែរ​ជា​ច្រើន​ធ្វើ​ទាហាន​បារាំង។

វត្ត ចន្ទរង្សី នៅ​​ព្រៃ​នគរ កសាង​ក្នុង​ឆ្នាំ​1947 ក៏​ជាស្នា​ដៃ​របស់​យុវជន​ខ្មែរ​ធ្វើ​ទាហាន​បារាំង បោះ​ទី​ទាំង​នៅ​​ព្រៃ​នគរ។

សរុប​មក ការបង្រួបបង្រួម​ទឹក​ដី​របស់​លោក ហូ ជី មិញ ជួប​ឧបសគ្គ​ធំ​នៅ​កម្ពុជា​ក្រោម មិន​មែន​ដោយ​សារ​ខ្មែរ​ប្រឆាំង​ទេ គឺ​ដោយ​សារជន​ជាតិ​យួន​គ្នា​ឯង​ប្រឆាំង។ ជាមូល​ហេតុ​ធ្វើ​ឲ្យ​បារាំង​បង្កើត​បាន​មូលដ្ឋាន​រឹងមាំ​នៅ​​ព្រៃ​នគរ រួច​សម្រុក​ឡើង​ទៅ​ទិស​ខាង​ជើង ប្រកាស​ធ្វើ​សង្គ្រាម​ជា​មួយ​ចលសា​កុម្មុយនិស្ត​បន្ត​ថែម ៩ឆ្នាំ​ទៀត រហូត​ដល់​សន្និសីទ​ទី​ក្រុង Geneve ឆ្នាំ​1954។

ឈាន​ចូល​ឆ្នាំ​1946 ស្ថានការណ៍​ក្រឡាប់​ចាក់​ខ្លាំង​ណាស់ បារាំង​ពង្រឹង​អំណាច​ផង ហាក់​ដូចជា​ចង់​ដក​ខ្លួន​ចេញ​ពីឥណ្ឌូ​ចិន​ផង។ ដំបូង បារាំង​សម្រេច​ប្រគល់​ទឹក​ដីខ្ពង់រាប​កណ្ដាល​ឲ្យ​ម៉ុងតាញ៉ាបង្កើត​រដ្ឋ​ឯករាជ្យ​ក្នុង​ខែ​ឧសភា ឆ្នាំ​1946 តាម​ស្ថិតិ​បារាំង កាល​នោះ ជន​ជាតិ​យួន​រស់​នៅ​តំបន់​ខ្ពង់រាប​កណ្ដាល មាន​ចំនួន​តែ២៥%។

១ខែ​ក្រោយ​មក គឺខែមិថុណា ឆ្នាំ​1946 ដ​ដែល បារាំង​មិន​ឲ្យ​ខ្មែរ​ក្រោម​បង្កើត​រដ្ឋទេ តែ​ឲ្យ​ជន​ជាតិ​យួន​នៅ​កម្ពុជា​ក្រោម​បង្កើត​រដ្ឋស្វយ័ត្ន​ហៅ​ថា ណាម​គីក្វឹក (Nam Ky Quoc)។ ចំណែក​ខ្មែរ បារាំង​នៅ​តែ​គាំទ្រ​មិត្ត​សមាគម​នៅ​ឃ្លាំង​ក្នុង​ការបណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស និង​គាំទ្រ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​បណ្ឌិត​រង រីឯ​វត្ត​អារាម​នៅ​កម្ពុជា​ក្រោម បារាំង​បន្ត​ការ​អនុញ្ញា​ត​ឲ្យ​មន្ត្រី​សង្ឃពី​កម្ពុជា​កណ្ដាល​លូក​ដៃ​ចូល​គ្រប់​គ្រង ធ្វើ​ឲ្យ​មាន​ការ​ឯកភាព​ផ្នែក​សាសនា អក្សរ​សាស្ដ្រ និង​វប្បធម៌។

ចំណែក​យួន ច្បាំ​គ្នា​រហូត ដោយ​ជនកម្មុយនិស្ត​ចោទ​រដ្ឋាភិបាល​ណាម​គីក្វឹក និង​អ្នក​ធ្វើ​ការ​ឲ្យ​បារាំង ថាបំ​បែក​បំបាក់​ជាតិ។

មេ​ដឹក​នាំ​​រដ្ឋាភិបាល​ណាម​គីក្វឹក ភាគ​ច្រើន​ជាបញ្ញវ័ន​រៀន​សូត្រ​នៅ​បារាំង មាន​ចំណេះដឹង​ខាង​វិទ្យា​សាស្ដ្រ ចេះ​គ្រប់​គ្រង​​សេដ្ឋកិច្ច តែ​ល្បិចកល​នយោបាយ ចាញ់​យួន​ខាង​ជើង ពេល​ខ្លះ​ត្រូវ​ពួក​កុម្មុយនិស្ត​បញ្ឆោត​ឲ្យ​វាយ​គ្នា​ឯង បំ​បែក​បំបាក់​ផង គំរាម​ផង ធ្វើ​ឲ្យ​បារាំង​ជួប​ការ​លំបាក ពិសេស​ក្រោយ​ពេល​បក្ស​កម្មុយនិស្ត​ចិន​ទទួល​បាន​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​នៅ​លើស​មរ​ភូមិ​ប្រយុទ្ធ​ជា​មួយ​បក្ស​ក្វក់មិញតាង របស់​លោក ជៀង កៃជៀក។

ដល់​ថ្ងៃ​4 មិថុនា ឆ្នាំ​1949 បារាំង​អនុម័ត​ច្បាប់ ប្រគល់​ទឹក​ដី​កម្ពុជា​ក្រោម​ឲ្យ​ទៅ​ស្ដេច បាវ ដៃ។ ប៉ុន្តែ​ច្បាប់​នេះ ត្រូវ​គេបំ​ភ្លេច​ចោល​ក្រោយ​សន្និសីទ Geneve ឆ្នាំ​1954 ហើយ​បារាំង​ក៏​ត្រូវ​ដក​ចេញ​ពីឥណ្ឌូ​ចិន។ សហរដ្ឋ​អាមេរិច​ចូល​មក គាំទ្រ​លោក ងោ ឌិញ យៀម ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​របស់​ស្តេច បាវ ដៃ ឲ្យ​បង្កើត​រដ្ឋាភិបាល​យួនសេរី ក្នុង​ឆ្នាំ​1954 នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម ដោយ​មិន​អើពើ​អ្វី​ដល់​ច្បាប់​របស់​បារាំង​ទេ។

អ្នក​កាត់​ទឹក​ដី​កម្ពុជា​ក្រោម​ឲ្យ​យួន មិន​មែន​មាន​តែ​បារាំង​ម្នាក់​ឯង​ទេ គឺ​មាន​មហា​អំ​ដល់​ទៅ​៣ ដំបូង​គឺ​ជប៉ុន បន្ទាប់​មក​បារាំង ហើយ​ចុង​ក្រោយ​គឺ​សហរដ្ឋ​អាមេរិក។ ដូច្នោះ​ហើយ បើ​នាំ​គ្នា​ចងគំនុំតែជា​មួយ​បារាំង​វា​មិន​សម​ហេតុ​ផលទេ។ ម៉្យាងទៀង ការស្វែង​យល់​ប្រវត្តិសាស្ត្រ បាន​ត្រឹម​ជាមេ​រៀន​សម្រាប់​បុច្ចុប្បន្ន មិន​មែន​សម្រាប់​ចងគំនុំ ឬ​ជម្រុញ​ឲ្យ​មាន​ការ​ទាមទារ​ទឹក​ដី​អ្វី​ទេ។

#ដោយ÷ វិទ្យុសំឡេងខ្មែរក្រោម

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?