Multi level marketing

តើ Multi-level-marketing (MLM) ក្នុងទម្រង់បោកប្រាស់ស្របច្បាប់នោះគឺជាអ្វី?
___________________

បណ្តាញទីផ្សារ ឬជាភាសាអង់គ្លេស Network Marketing អាចឲ្យអ្នកកើបលុយបានជាច្រើនបើអ្នកប្រើវាចំឱកាស។ ជាទូទៅវាសំដៅលើបណ្តាញទីផ្សារដោយផ្ទាល់ ដែលភាសាអង់គ្លេសហៅថា Multi-level-marketing (MLM) ដែលជាវិធីរកលុយមួយ ដែលគេតែងតែអូសទាញមនុស្សឲ្យចូលរួមជាមួយពួកគេ តាមរយៈការផ្សាយគ្រប់រូបភាពថា មិនតម្រូវឲ្យមានសមត្ថភាពខ្ពស់ ជំនាញពិតប្រាកដ និងទំហំវិនិយោគច្រើន។ ហើយពួកអ្នកបង្កើតវាឡើង ចូលចិត្តសន្យា និងនិយាយផ្តោតតែអំពីការរកប្រាក់ចំណូលពីការចូលរួមនោះ ជាការចាក់មនោគមន៍ឲ្យមនុស្សដែលមិនសូវមានការយល់ដឹងខ្ពស់ទាំងនោះជឿស្លុងលើគម្រោងប្រាក់ចំណេញរបស់ពួកគេ។

នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានក្រុមហ៊ុនលក់ផលិតផលដែលអៈអាងថាមានប្រភពមកពីអាមេរិក និងថ្មីៗនេះមានក្រុមហ៊ុនមកពីម៉ាឡេស៉ីមួយក៏កំពុងតែប្រើបណ្តាញទីផ្សារ MLM នេះដែរ។ នៅក្នុងប្រទេសកម្ពុជា ពួកគេហាក់ដូចជាងាយស្រួលក្នុងការរកស៉ីដោយប្រើប្រព័ន្ធនេះ ដូច្នេះហើយទើបក្រុមហ៊ុនមួយចំនួននៅតែអាចបោកលុយប្រជាជនខ្មែរជាបន្តបន្ទាប់ ហើយខ្លះដែលកំពុងរកស៉ីដល់ពេលបច្ចុប្បន្ន និងទើបតែចូលមកថ្មី បានប្រើប្រាស់រូបភាពលក់ផលិតផលដើម្បីកុំឲ្យគេសង្ស័យពេក។

ការប្រើប្រាស់ផលិតផលជាកូនអុកនេះ ទោះបីវាមិនមែនជាការបោកប្រាស់ពេញតួរក៏ដោយ ប៉ុន្តែវាអាចជាការបោកប្រាស់ស្របច្បាប់ មានន័យថាមនុស្សយល់ព្រមឲ្យគេបោកដោយមិនដឹងខ្លួន។ ដំបូងពួកគេបានបង្កើតគម្រោងប្រាក់ចំណេញដែលភាគច្រើនបានពីការលក់ផលិតផល និងលុយទឹកតែពីការអូសទាញអ្នកផ្សេងចូលបណ្តាញ។ បន្ទាប់មកពួកគេចាប់ផ្តើមបើកសិក្ខាសិលាបណ្តុះបណ្តាលផ្សេងៗដោយដាក់ចំណងជើងថា “វគ្គបណ្តុះបណ្តាលវិធីរកលុយតាមអនឡាញ (Facebook, Instagram, line…)” “វគ្គបណ្តុះបណ្តាលរបៀបបើកអាជីវកម្មដោយមិនប្រើដើម” និងប្រធានបទជាច្រើនទៀត ប៉ុន្តែការបង្រៀនទាំងនោះគឺបង្រៀនឲ្យលក់ផលិតផលជាបណ្តាញរបស់គេនោះឯង។ ក្រោយមកអ្នកដែលចូលរួម ហើយត្រូវមនោគមន៍ចាក់ទឹកមិនលិចរបស់ក្រុមអ្នកបង្កើតបណ្តាញទាំងនោះ ចុះឈ្មោះចូលរួមដោយបង់ប្រាក់ចូលជាសមាជិក រួចគេឲ្យទិញផលិតផលស្តុក ឬអាចរកអ្នកទិញបានសិនចាំយកផលិតផលទៅ ដោយគេមានកន្លែងឲ្យធ្វើការ ហើយការងារទាំងនោះគ្មានអ្វីក្រៅពីខល បង្ហោះរូបភាពស្វែងរកអ្នកចូលរួមគ្រប់រូបភាព Liveវីឌីអូ អូសទាញមិត្តភក្តិ បងប្អូន សាច់ញាតិឲ្យចូលរួមបណ្តាញ និងទិញផលិតផល។ គេក៏តម្រូវឲ្យសមាជិកទាំងនោះ ស្លៀកពាក់ហំហានឲ្យមើលទៅដូចមែនទែន ដើម្បីងាយអូសទាញអ្នកផ្សេង។

នៅពីក្រោយការជម្រុញឲ្យមនុស្សហ៊ានធ្វើគ្រប់យ៉ាងដើម្បីអូសទាញអ្នកដទៃឲ្យចូលរួមនោះគឺដើម្បីគម្រោងលុយទឹកតែមិនចេះរីងស្ងួតរបស់ពួកគេ។ ឧទាហរណ៍ថា សមាជិកថ្មី (សមាជិក ខ) ដែលត្រូវបានគេអូសទាញឲ្យចូលបណ្តាញដោយសមាជិក “ក” គេតម្រូវឲ្យសមាជិក “ខ” បង់លុយចូលជាសមាជិកចំនួន $1,200 ហើយសមាជិក “ក” នឹងទទួលបានលុយទឹកតែចំនួន 20% ឬស្មើរ $240 ហើយបើរកបានសមាជិកថ្មីៗចូលទៀតនឹងទទួលបាន $240 ក្នុងម្នាក់ទៀត។ នេះហើយជាវិធីរកលុយដោយមិនចាំបាច់ប្រើដើមទុនរបស់ពួកគេ គឺអូសទាញមនុស្សឲ្យចូលរួមបណ្តាញ។ បន្ទាប់មកបើសមាជិក “ខ” ចង់រកលុយទឹកតែដែរ គេនឹងទៅអូសទាញសមាជិក “គ” ហើយនៅពេលសមាជិក “គ” បង់លុយ មិនមែនត្រឹមតែសមាជិក “ខ” ទេដែលបានលុយទឹកតែ $240 តែសមាជិក “ក” ក៏បានចំណេកនៃលុយ $1,200 នោះដែរ។ សមាជិក “គ” ទៅរកមនុស្សថ្មីទៀតជាបន្តបន្ទាប់គ្មានដែនកំណត់ ហើយមិនមានអ្នកណាឆ្ងាយក្រៅពីមិត្តភក្តិ គ្រួសារ និងអ្នកជិតខាងនោះទេ។ អ្នកណានៅខាងលើគេ នឹងទទួលបានលុយទឹកតែរាល់ពេលដែលមានសមាជិកថ្មីចូលរួម នេះគ្រាន់តែចំណូលពីការអូសទាញមនុស្សឲ្យចូលប៉ុណ្ណោះ នៅមានលុយពីការលក់ផលិតផលទៀត។

មនុស្សនឹងព្យាយាមសរសើរផលិតផលដែលគេលក់នោះ ទោះបីការពិតវាគ្មានគុណភាព និងប្រសិទ្ធភាពក៏ដោយ។ ពួកគេនឹងព្យាយាមអូសទាញអ្នកដែលគេស្គាល់ឲ្យចូលក្រុម ដើម្បីតែចង់បានលុយទឹកតែ។ អ្នកណាចូលបានមុនគេ អ្នកនោះនឹងរកចំណូលបានច្រើន ឯអ្នកដែលចូលក្រោយ លក់មិនដាច់ ឬមិនអាចអូសទាញអ្នកថ្មីឲ្យចូលបណ្តាញ នឹងខាតបង់ទាំងលុយកាក់ ទាំងពេលវេលា និងមិត្តភាព។ អ្នកដែលកើបលុយដោយមិចបាច់ធ្វើអ្វី គឺអ្នកដែលបង្កើតបណ្តាញនោះឡើង ហើយអ្នកដែលនាំគ្នារកលុយឲ្យម្ចាស់ក្រុមហ៊ុន គឺសមាជិកទាំងអស់៕
Credit: សោភា ផាវិ

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?