ប្រវត្តុិសង្រាមនៅសម័យសាធារណរដ្ឋ

ដោយ bf acc Mara Sonis 
នៅដើមឆ្នាំ១៩៧៣ សន្ធិសញ្ញាទីក្រុងប៉ារីស រវាងអាមេរិចនិងយួនកុម្មុយនីស្ត បានតម្រូវឲ្យកងទ័ពយួនខាងជើងនិងកងទ័ពយៀកកុង ដកចេញពីប្រទេសកម្ពុជា។ ទីក្រុងហាណូយ ក៏សុខចិត្តយល់ព្រម ព្រោះថា កងទ័ពខ្មែរក្រហមក៏មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីវាយយកទីក្រុងភ្នំពេញដោយខ្លួនឯងបាន តែកងទ័ពយួនកុម្មុយនិស្តបានត្រៀម ធ្វើអន្តរាគមន៍ជានិច្ច នៅផ្នែកខាងជើងនិងបូព៌ា។ នៅពេលកងទ័ពខ្មែរក្រហម វ៉ៃលុកយ៉ាងឆាប់រហ័ស ឆ្ពោះទៅទីក្រុងភ្នំពេញ ដោយកាត់ផ្ដាច់ផ្លូវដឹកជញ្ជូនស្បៀង អស់គ្មានសល់ ប្រជាជននៅតាមជនបទ ក៏នាំគ្នារត់ចូលទីក្រុងភ្នំពេញជាច្រើន ជាហេតុធ្វើឲ្យប្រជាជនដែលរស់នៅទីក្រុងភ្នំពេញ កើនចំនួនដល់ទៅ ២លាន ៥សែននាក់។ បើកុំតែបានសហរដ្ឋអាមេរិច ដឹកស្បៀងមកឲ្យតាមយន្តហោះ យកមកឲ្យនោះទេ កុំអីអ្នកដែលរស់នៅទីក្រុងភ្នំពេញ ប្រហែលជាដាច់ពោះស្លាប់ ឬប្រកាប់ប្រចាក់គ្នា ដណ្ដើមអង្ករ ដោយគេចពុំផុតឡើយ។

នៅឆ្នាំ ១៩៧៣_១៩៧៤ ដោយសំអាងលើសន្ធិសញ្ញាទីក្រុងប៉ារីស អាមេរិចបានរៀបចំខ្លួនបោះបង់របបសាធារណរដ្ឋចោលតែម្ដង ហើយបង្ខំឲ្យលោកសេនាប្រមុខលន់ នល់ ធ្វើការចរចាជាមួយរដ្ឋាភិបាលរួបរួមជាតិ របស់សម្ដេចសីហនុ។ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៧៣ លោកហិន្រី ឃីសស៉ីងើ មកទីក្រុងភ្នំពេញដើម្បីលើកឡើងពីការចរចា។ នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៣ លោកសេនាប្រមុខលន់ នល់ បានប្រកាសមិនព្រមចរចារ។ ពីរ_បីថ្ងៃ ក្រោយ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ ១៩៧៣ លោកឧត្តមសេនីយ៍ អាឡេចសង់ឌ័រ ហេក មកជួបលោកសេនាប្រមុខលន់ នល់ នៅភ្នំពេញ។

លោកអាឡេចសង់ឌ័រ ហេក បានប្រាប់លោកសេនាប្រមុខលន់ នល់ ថា លោកប្រធានាធិបតី និចសុន បានសម្រេចកាត់បន្ថយការអន្តរាគមន៍ ផ្នែកយោធា របស់អាមេរិចនៅក្នុងប្រទេសកម្ពុជាហើយ។ នៅពេលនោះ បន្ទាប់ពីបានស្ដាប់ លោកឧត្តមសេនីយ៍អាឡេចសង់ឌ័រ ហេក ហើយ លោកសេនាប្រមុខលន់ នល់ ធ្លាក់ទឹកភ្នែកច្រោក រួចបែរខ្នងដាក់លោកឧត្តមសេនីយ៍អាឡេចសង់ឌ័រ ហេក  រួចក៏យំតែម្ដង។ ក៏ប៉ុន្តែចាប់ពីថ្ងៃទី២ ខែមករា ឆ្នាំ១៩៧៣ ដល់ថ្ងៃទី១៥  ខែមេសា ឆ្នាំ១៩៧៣ សហរដ្ឋអាមេរិចបានចាប់ផ្តើមទំលាក់គ្រាប់បែក យ៉ាងខ្លាំងក្លា ផ្ដាច់ព្រ័ត្រទៅលើទីតាំងកងទ័ពពួកកុម្មុយនិស្ត នៅក្នុងប្រទេសកម្ពុជា។ 

នៅខាងខ្មែរក្រហម ឯនោះវិញ គេមិនព្រមចរចារសន្តិភាព ជាមួយរបបសាធារណរដ្ឋ ជាដាច់ខាត ព្រោះទីក្រុងប៉េកាំង ចង់ឲ្យខ្មែរក្រហម កាន់កាប់អំណាចក្នុងគោលដៅ ទប់ទល់នឹងយួន។ សូមបញ្ជាក់ថា បងប្អូនកុម្មុយនិស្តទាំងពីរនេះ តាមការពិតទៅ មិនត្រូវគ្នាទេ ( ប្រទេសចិន ទាស់ទែងនិងសហភាពសូវៀត យ៉ាងខ្លាំង ដែលសហភាពសូវៀតនៅពេលនោះ គាំទ្រទីក្រុងហាណូយ)។ បន្ទាប់ពីខ្មែរក្រហមប្រកាសមិន ចចារជាមួយរបបសាធារណរដ្ឋ នៅខែកុម្ភៈឆ្នាំ១៩៧៣ ទីក្រុងហាណូយ ក៏កាត់ផ្ដាច់ជំនួយ ដែលធ្លាប់ផ្ដល់ទៅឲ្យខ្មែរក្រហមតែម្ដង។ នៅទីក្រុងប៉េកាំង ឯនោះវិញ លោកខៀវ សំផន ត្រូវបានចិនទទួល យ៉ាងអធិកអធម ដូចជាប្រមុខរដ្ឋកម្ពុជារួចជាស្រេច។ រីឯ សម្ដេចសីហនុ វិញ ក៏ត្រូវបានខ្មែរក្រហមអនុញ្ញាត ឱ្យយាងមកក្នុងតំបន់រំដោះដែរ ក្រោយពីទ្រង់ប្រកាសតាមវិទ្យុប៉េកាំងថា អោយខ្មែរចូលព្រៃដើម្បីវ៉ៃរបបសាធារណរដ្ឋ ដែលដឹកនាំដោយលោកសេនាប្រមុខលន់ នល់ ដើម្បីយកអំណាចឲ្យទ្រង់វិញ៕ ចប់. ប្រភព: Hok Nave

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?