ជីវិតក្រោយទទួលបានកោសិកាចុងក្រោយ

"ជីវិតក្រោយទទួលបានកោសិកាចុងក្រោយ (Life after injection of DNA)"
អត្ថបទវិទ្យាសាស្ត្រស្រមើស្រមៃ (Science Fiction article)



ផែនដីនេះមិនមែនមានលក្ខណៈល្អត្រឹម មានបរិយាកាស និងធនធានធម្មជាតិសាមញ្ញៗនោះទេ តែផែនដីមានស្ទើរគ្រប់សារធាតុសកម្មគ្រប់យ៉ាង ដែលសុទ្ធសឹងតែអាចផ្សែរផ្សំបង្កើតបានអ្វីៗគ្រប់យ៉ាងសំរាប់គ្រប់គ្រងដែនលំហទាំងមូល។
តែទាស់ត្រង់ថា អ្នកណាគេដែលអាចមានសមត្ថភាពប្រើប្រាស់រ៉ែ រឺសារធាតុសកម្មទាំងនោះបានដល់ចំណុចកំពូលទៅ?

ក្រោយតាមការដេញប្រម៉ាញ់យ៉ាងគ្រឹកគ្រេងពីភាវៈអាក្រក់ ក្រុមសាវ័ករបស់ឧត្តមព្រះ(ព្រហ្មគ្មានរូប) ដែលពាំនាំកោសិកាចុងក្រោយនោះ បានគេចរួចពីការតាមប្រហារពីក្រោយ ដោយការប្រថុយទំលុះដែនប៉ែកភព (Dimension) តម្រង់មកភពផែនដីតែម្តង។ ពោលគឺក្រុមសាវ័កទាំងនោះបានដឹងរួចមកហើយ ថាទីតាំងមួយនេះគឺជាកន្លែងដ៏ល្អប្រសើរ។ ការឆ្លងប៉ែកភពបាន គឺត្រូវប្រើថាមពលចុងក្រោយរបស់យាន គឺបំឡែងរូបធាត់ទៅជា ណានូអាតូម ដើម្បីចូលច្រកទ្វារប៉ែកភព ការធ្វើបែបនោះ យានរបស់ពួកគេនឹងត្រូវរងការខូចខាតទាំងស្រុងក្រោយពេលមិនយូរ។

យានត្រូវបានធ្លាក់លើភពផែនដីដោយសុវត្តិភាព សព្វសត្វដែលនៅលើយានបានចេញមកខាងក្រៅ ក្នុងនោះក៏មានពង្សមនុស្សដែលមិនទាន់ក្លាយជាមនុស្សពេញលេញចេញមកដែរ។ ពួកគេព្យាយាមសម្របតាមបរិយាកាស និងរស់នៅជាមួយគ្នាតាំងពីពេលនោះមក ញែកទីរាប់សែនឆ្នាំទើបមកដល់ជំនាន់មនុស្សជាតិកើតមានឡើង។
មនុស្សចាប់ផ្តើមវិវត្តន៍មិនឈប់ឈរពីមួយជំនាន់ទៅមួយជំនាន់។ ពង្សមនុស្សបានបង្កាត់ពូជជាច្រើនប្រភេទជាមួយអំបូររបស់ខ្លួន ក្នុងនោះមានជាង១០ប្រភេទ ដែលជាសត្វស្វាអំបូរខ្លួន រហូតដល់ពេលពួកគេចាប់ផ្តើមប្តូររូបរាងក្លាយទៅជារូបកាយប្រសើរឡើងៗ ចាប់ផ្តើុមចេះខ្ពើមរអើម និងចេះរៀបចំការស់នៅមានរបៀបបន្តិចម្តងៗ។

តទៅរហូតអស់កាល៥មឺុនឆ្នាំងចុងក្រោយ ទើបពួកភាវៈអាក្រក់ដឹងពីទីតាំងរបស់មនុស្សលាក់ខ្លួន តែយឺតពេលទៅហើយដោយកោសិកាដែលពួកគេចង់បាននោះ បានជ្រាបចូលពេញសារពាង្គកាយរបស់ពង្សមនុស្សអស់ទៅហើយ។
ហេតុអ្វីពួកគេចង់បានកោសិកានោះ? ពីព្រោះមានតែអ្នកដែលមានកោសិកានោះទេ ទើបអាចពង្រីកវិសាលភាពខួរក្បាលខ្លួនឲ្យចេះផលិតថាមពលសកល និងអាវុធប្រល័យសកលបាន ដើម្បីគ្រប់គ្រងអស់ភាវៈក្នុងសកលលោក។ អញ្ចឹងហើយទើបពួកភាវៈអាក្រក់ចង់បានណាស់ពីឧត្តមព្រះ តែដោយអំណាចខ្លួនទៅមិនរួចទើបរង់ចាំរហូត ឧត្តមព្រះវិនាស។
អ្វីដែលភាវៈអាក្រក់អាចធ្វើបានពេលនេះ គឺមិនអាចសំលាប់ រឺបូមឈាមមនុស្សយកទៅចំរាញ់ចេញជាមេកោសិកាបានវិញនោះទេ ព្រោះវាបានបំឡែងអស់រួចទៅហើយ។ គឺពួកគេមានតែព្យាយាមបង្វឹកបង្វក់មនុស្សឲ្យក្លាយជាបរិវារបស់ពួកគេដើម្បីបំរើ និងបំពេញបំណងរបស់ពួកគេ។

ក្រោយពីដឹងដំណឹងនេះ ក្រុមសាវ័កផ្សេងៗរបស់ឧត្តមព្រះក៏បានដឹង ហើយព្យាយាមមកទប់ទល់ជាមួយសភាវៈអាក្រក់ ដោយបញ្ជូនក្រុមបេសកជនពិសេសៗមកតម្រង់ផ្លូវមនុស្សឲ្យធ្វើរឿងល្អវិញ។
នៅក្នុងប៉ែកភពនានា សុទ្ធសឹងមានឋាន និងមានជីវិតដ៏អច្ឆរិយៈរបស់ក្រុមសាវ័ក និងភាវៈអាក្រក់ ពួកគេរស់នៅប្រឆាំងគ្នា មានសង្គ្រាមមិនឈប់ឈរ។ មានតែមនុស្សទេដែលអាចបញ្ចប់សង្គ្រាមនោះបាន ដោយគ្រាន់តែមិនដឹងបញ្ចប់ដោយល្អ រឺអាក្រក់ប៉ុណ្ណោះ។
បេសកជនពិសេសទាំងនោះ បានផ្តល់ឱវាទល្អៗ ដែលហៅថាធម៌មកអប់រំ បង្វិលចិត្តរបស់មនុស្សឲ្យងាកមកផ្លូវត្រូវវិញ ដោយពួកគេត្រូវបានញាំញីអស់កាលយូរមកហើយ។

សង្គ្រាមចុងក្រោយរវាងភាវៈអាក្រក់ និងសាវ័កឧត្តមព្រះត្រូវបានបញ្ចប់នៅលើផែនដី(កូរសមុទ្រទឹកដោះ) ដោយចុងក្រោយបន្សល់តែស្លាកស្នាម និងសាច់រឿងឲ្យមនុស្សជាតិចងចាំប៉ុណ្ណោះ។ សព្វថ្ងៃស្រមោលភាវៈទាំង២នៅតែរសាត់អណ្តែតក្នុងប៉ែកលោកយើងនៅឡើយ ដោយអ្វីៗបន្តទៅទៀតអាស្រ័យលើឧបនិស្ស័យរបស់មនុស្សជាតិប៉ុណ្ណោះ ថាគួរវិវត្តន៍ទៅភាវៈណាមួយ។

មិនយូរទេ(រវាង២០០០ឆ្នាំខាងមុខ) មនុស្សនឹងអាចបង្កើតច្រកទៅកាន់ប៉ែកភពផ្សេងបានដោយសេរី ហើយពេលនោះហើយជាពេលអវសាន្តរបស់ចក្រវាឡបើសិនជាមនុស្សត្រូវបានសំណៅភាវៈអាក្រក់គ្រប់គ្រង រឺចក្រវាលនឹងក្លាយជាស្ថានសួគ៌គ្រប់កន្លែងបើមនុស្សមាននិស្ស័យជាមួយធម៌ដែលក្រុមបេសកជនបានអប់រំប្រោស។

មនុស្សគឺជាក្តីសង្ឃឹម ហើយក៏ជាមហាគ្រោះដែរ, រឿងនេះសំរាប់ថ្ងៃនេះគ្រាន់តែជារឿងប្រឌិតប៉ុណ្ណោះ តែអាចកើតនៅថ្ងៃអនាគតបែបណានោះយើងចាំមើលទាំងអស់គ្នា។

អរគុណសំរាប់ការតាមដានអាន សូមរក្សាសិទ្ធិគ្រប់យ៉ាងសាមរាប់អត្ថបទមួយនេះ៕
ប្រភព acc fb wong sophal

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?