ជនជាតិកូរ៉េបរិច្ចាគមាសស្តារសេដ្ឋកិច្ច

ជនជាតិកូរ៉េខាងត្បូងបរិច្ចាគមាសស្ដារសេដ្ឋកិច្ចប្រទេសក្នុងឆ្នាំ ១៩៩៨

២១ឆ្នាំមុន កូរ៉េខាងត្បូងហៀបតែនឹងធ្លាក់ចូលក្នុងការក្ស័យធុនទៅហើយ។ វិបត្តិហិរញ្ញវត្ថុនៅអាស៊ីរីករាលដាលដូចជាវីរុសអញ្ចឹង។ ប្រទេសជាច្រើនដូចជាថៃ ម៉ាឡេស៊ី សិង្ហបូរី និងប្រទេសអាស៊ីផ្សេងៗទៀតក៏ត្រូវរងគ្រោះដោយសារវាផងដែរ វាអាចនឹងធ្វើអោយសេដ្ឋកិច្ចសាកលលោកអន្តរាយបើសិនជាគេមិនអាចដោះស្រាយវាបានទាន់ពេលវេលា។

មុនឆ្នាំ ១៩៩៧ ប្រទេសកូរ៉េខាងត្បូងត្រូវបានចាត់ទុកជាគម្រូសេដ្ឋកិច្ចរឹងមាំមួយ ពីប្រទេសដែលធ្លាប់ក្រោមអាណានិគមជប៉ុន តែបានផ្លាស់ប្ដូរមុខមាត់យ៉ាងលឿនមិនគួរអោយជឿនៅចុងសតវត្សទី២០ ដោយពឹងលើការគោលនយោបាយវ័យឆ្លាត និងការវិនិយោគខ្លាំងក្លាទៅលើវិស័យអប់រំ។

កូរ៉េ(ខាងត្បូង) បានរីកចម្រើនក្លាយជាប្រទេសសេដ្ឋកិច្ចធំទី១១លើលោក ប្រជាជនអាចរកចំណូលបានច្រើន និងរស់នៅស៊ីវិល័យតាមរបៀបលោកខាងលិច ប៉ុន្តែក្នុងឆ្នាំ ១៩៩៧ វិបត្តិបានមកដល់សេអ៊ូល សកម្មភាពជំនួញបានថមថយ ហើយឥណទានលែងដំណើរការ ធនាគារដួលរលំ ក្នុងពេលដែលធនាគារដែលអាចដំណើរការបានក៏លែងផ្ដល់កម្ចីរ។

ភាពជោគជ័យដែលគេបានជួបប្រទះ ចាំផ្ដើមដាំក្បាលចុះក្រោម ឯសន្ទនីយសេដ្ឋកិច្ចចាប់ផ្ដើមរីងស្ងួតអស់។ វិនិយោគិនបរទេសជាង ១៨ពាន់លានដុល្លាបាននាំគ្នាវេចបង្វិចទៅស្រុកវិញ ប្រជាជនរាប់សែននាក់ចាំផ្ដើមទាត់ខ្យល់។

ធនធានរបស់កូរ៉េតែមួយគត់ដែលអាចមកជួយស្ដារស្ថានការណ៍បានគឺ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ហើយក្នុងខែ ធ្នូ ឆ្នាំ ១៩៩៧ IMFបានសម្រេចផ្ដល់ថវិកាសង្គ្រោះដ៏សណ្ធឹកសណ្ធាប់ក្នុងប្រវត្តិសាស្ត្រចំនួន៥៨ពាន់លានដុល្លា។ គេតម្រូវអោយកូរ៉េសង្រ្គោះពាណិជ្ជកម្ម និងមូលធនក្នុងគណនេយ្យខ្លួនឡើងវិញ ដូចជាកែទម្រង់ទីផ្សារ ធ្វើរចនាសម្ព័ន្ធសាជីវកម្មដែលអភិបាលអោយរដ្ឋឡើងវិញ និងការកែទម្រង់ផ្សេងៗទៀត។

តែវិបត្តិថ្មីមួយទៀតបានបញ្ជូលខ្លួនមកផងដែរ ដែលជនជាតិកូរ៉េហៅវាថា វិបត្តិIMF មិនអោយខាតពេលយូររដ្ឋាភិបាលបានបង្កើនកញ្ចប់ថវិកាដើម្បីសងបំណុលគេវិញ។ ក្នុងខែមករា ឆ្នាំ ១៩៩៨ យុទ្ធនាការថ្នាក់ជាតិមួយបានផ្ទុះឡើង សព្វថ្ងៃត្រូវបានគេចាត់ទុកថាជាការបង្ហាញនូវឆន្ទៈស្នេហាជាតិ និងការបូជាប្រយោជន៍ផ្ទាល់ខ្លួនខ្លាំងបំផុត ដែលនៅលើលោកមិនដែលជួបប្រទះ។

ពេលនោះគេប៉ាន់ប្រម៉ាណថា ជនជាតិកូរ៉េខាងត្បូងមានមាសក្នុងដៃគិតជាប្រាក់មានតម្លៃជាង ២០ពាន់លានដុល្លា ក្នុងរូបភាពជា ខ្សែករ កាក់ កងដៃ ក្រវិល ចិញ្ចៀន មេដាយ និងគ្រឿងអលង្ការផ្សេងៗទៀត។

មានប្រជាជនជាង ៣.៥លាននាក់ ជាង១/៣នៃប្រជាជនសរុបបានស្ម័គ្រចិត្តក្នុងយុទ្ធនាការនេះ។ ទាំងអ្នកមាន ទាំងអ្នកក្របាននាំគ្នាសម្រុកមកកន្លែងបរិច្ចាគ ពួកគេឆ្លើយតបនឹងការដង្ហោយហៅរបស់ប្រទេសដែលកំពុងតែស្ថិតនៅមាត់ជ្រោះ។

ក្រុមហ៊ុនធំៗដូចជា Samsung Huyundai Daewoo បានយកបណ្ដាញទីផ្សាររបស់គេ ផ្សព្វផ្សាយជម្រុញប្រជាជន តួរយ៉ាងដូចជាតារាបាល់បោះវ័យក្មេង Lee Jong boem បានយកមេដាយទម្ងន់ ៨៩៣.១ក្រាម មានតម្លៃជាង ៩០០០ដុល្លា ដែលគេបានទទួលក្នុងអាជីពជាង៥ឆ្នាំរបស់ពួកគេមកបរិច្ចាគ។ ជាមធ្យមប្រជាពលរដ្ឋម្នាក់ៗបរិច្ចាគមាសជាង ៦៥ក្រាម ឫជាង ៦៤០ដុល្លា គិតក្នុងពេលនោះ។

ក្នុងពេល២ខែ មាសជាង ២២៦តោន តម្លៃជាង ២.២ពាន់លានដុល្លាត្រូវបានប្រមូល ហើយគេរំលាយវាជាដុំរួចបញ្ជូនទៅ IMF។ ទោះបីជាចំនួននេះដូចជាតំណក់ទឹកក្នុងធុង តែយុទ្ធនាការប្រមូលមាសនេះត្រូវបានចាត់ទុកថាជាការតស៊ូដ៏សំខាន់របស់កូរ៉េដើម្បីទប់ទល់នឹងបំណុលជាតិ នេះមិនទាន់និយាយពីការរួបរួមយ៉ាងស៊ីជម្រៅនៃលទអ្នកជាតិនិយម និងសាមគ្គីភាពប្រជាជាតិ។ ហើយទីបំផុតកូរ៉េអាចសងបំណុលទាំងស្រុង ៥៨ពាន់លានដុល្លា នៅខែសីហាឆ្នាំ ២០០១ បីឆ្នាំមុនកាលកំណត់។

យើងឃើញថាកូរ៉េក្លាយជាកូននាគសេដ្ឋកិច្ចដូចសព្វថ្ងៃ មិនមែនតែរដ្ឋាភិបាលកូរ៉េខ្លាំងពូកែនោះទេ តែជនជាតិកូរ៉េមានការចូលរួម និងលះបង់ខ្ពស់ចំពោះប្រទេសខ្លួនខ្លាំង។


[Forb]
ប្រភព fb page shar+

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?