ពេលខ្លីរឿងច្រើន

យើងនៅសល់ពេលតិច តែមានរឿងច្រើនណាស់ដែលត្រូវធ្វើ ទំនួលខុសត្រូវច្រើនណាស់ដែលត្រូវរែកពុន ម្ល៉ោះហើយបើចាយពេលវេលាដែលមាននេះខ្ជះខ្ជាយ តើយើងមើលឃើញពីតម្លៃនៃជីវិតនេះដូចម្ដេច? ជីវិតនេះប្រហែលជាខ្លីជាងការរំពឹងចង់រស់របស់យើង សេចក្ដីស្លាប់អាចមកដល់មុនថ្ងៃស្អែក ខានស្អែក អាទិត្យក្រោយ ខែក្រោយ ឆ្នាំក្រោយ ឬប៉ុន្មានម៉ោងក្រោយ ប៉ុន្តែការចេះពីររបៀបក្នុងការរស់នៅធ្វើឲ្យយើងលែងខ្លាចស្លាប់។ រស់នៅត្រូវធ្វើល្អ ហើយស្លាប់ទៅនៅពេលណាក៏បាន ព្រោះការរស់នៅដោយល្អដូចជាការត្រៀមខ្លួនសម្រាប់ការស្លាប់ទៅវិញឲ្យស្រួលដូចគ្នា។ ស្លាប់ទៅវិញស្រួល គឺមិនភ័យមុនពេលសេចក្ដីស្លាប់ចូលមកដល់ ប៉ុន្តែពេលរស់នៅត្រូវប្រើជីវិតដើម្បីភាពត្រឹមត្រូវ និងបន្សល់ទុកអ្វីល្អៗតាមដែលយើងអាចធ្វើបាន។

ចិត្តសប្បុរសរបស់យើងនឹងជួយបន្ថែមសម្រស់ដល់ជីវិតឱ្យកាន់តែស្រស់ស្អាត និងមានពន្លឺ។ ដៃទាំងពីររបស់យើងមិនអាចបោះទៅជួយមនុស្សរាប់រយនាក់ក្នុងពេលតែមួយទេ ប៉ុន្តែផ្ដើមចេញពីមនុស្សម្នាក់ គឺយើងជួយខ្លួនឯង ប្រឹងទប់ជំហរខ្លួនឯងឲ្យជាប់ ហើយបោះដៃទៅជួយអ្នកដទៃម្ដងមួយៗ ជួយតាមដែលយើងអាចជួយបាន ហើយជួយយ៉ាងណាឱ្យពួកគេមានសមត្ថភាពក្នុងការជួយខ្លួនឯង គឺការជួយផ្ដល់ការលើកទឹកចិត្ត និងបង្ហាញពួកគេឱ្យយល់ពីគុណតម្លៃនៃចំណេះដឹង និងការអប់រំ។ យើងមានខ្លួនតូច ខួរក្បាលតូច ប៉ុន្តែបេះដូងរបស់យើងត្រូវតែធំទូលាយ ហើយខួរក្បាលរបស់យើងត្រូវតែប្រើដើម្បីគិតឱ្យបានច្រើន។

បើជ្រុលជារវល់កុំរវល់នឹងរឿងឥតប្រយោជន៍ សូមធ្វើខ្លួនឱ្យរវល់ជាមួយរឿងណាដែលមានប្រយោជន៍។ ធ្មេចបើកៗពេលវេលាមួយឆ្នាំរំលងផុតទៅ។ មួយថ្ងៃនេះក៏រំលងផុតទៅ ហើយយប់នេះក៏នឹងរំលងផុតទៅ មិនយូរទេ ឆ្នាំនេះក៏នឹងរំលងផុតទៅ។ កាលដែលយើងគិតថាខ្លួនឯងរវល់ណាស់ គ្មានពេលធ្វើនេះ ធ្វើនោះ តើយើងកំពុងរវល់ក្នុងរឿងបែបណា? រវល់បំផ្លាញខ្លួនឯង និងអ្នកដទៃ ឬក៏រវល់ប្រឹងប្រែងជួយខ្លួនឯង ដើម្បីបន្តជួយអ្នកដទៃ?បើរវល់តែគិតពីការឈឺចាប់របស់ខ្លួនឯង យើងនឹងភ្លេចគិតទៅដល់ការឈឺចាប់របស់មនុស្សដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់យើង ហើយបើយើងសួរថា ហេតុអ្វីបានជាខ្ញុំត្រូវមានទំនួលខុសត្រូវច្រើនតែឯងម្ល៉េះ? មិនមែនទេ! គ្រប់គ្នាទាំងអស់សុទ្ធតែទទួលបានកាតព្វកិច្ចមួយនេះ។

--------------------------------------------------

អត្ថបទដកស្រង់ចេញពីសៀវភៅ #ខ្យល់ដង្ហើម

រូបភាព៖ #Pinterest
ប្រភព fb page សៀវភៅជីវិត

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?