គោរពមេ

«​គោរព​មេ​» កំពុង​ឆ្លុះ​បញ្ចាំង​ពី​សង្គម​អែបអប​មួយ។ «​គោរព​មេ​» បាន​ក្លាយជាទ្រឹស្តី​ដ៏​ពេញ​និយម​មួយ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​នៅ​កម្ពុជា។ ពាក្យ​នេះត្រូវ​បាន​គេ​ប្រើប្រាស់យ៉ាង​ទូលំទូលាយ។ សូ​ម្បី​តែ​នៅ​តាម​ភោជ​នីយដ្ឋាន តាម​ហាង​កាហ្វេឬ​តាម​ហាង​ខា​រ៉ាអូ​ខេ​ក៏​គេ​ឮ​ពាក្យ «​គោរព​មេ​» នេះ​ដែរ។ អ្នក​សន្តិសុខ​ខាងក្រៅ​ហាង​ទំនើប​ៗ​ច្រើន​ប្រើប្រាស់​ពាក្យ​«​គោរព​មេ​»​នេះ ដើម្បី​បង្ហាញ​ការ​គោរព​របស់​ខ្លួន​ចំពោះ​អតិថិជននិង​ដើម្បី​ធ្វើ​ឱ្យ​អតិថិជន​សប្បាយចិត្ត​ផង។ នេះ​អាច​មក​ពី​ពួក​គាត់​ចង់​បង្ហាញ​ការ​គោរព​អតិថិជន​​ប្រៀប​ដូច​​ជា​មេ​របស់​ខ្លួន ដូច​ទ្រឹស្តី​ជំនួញ​ដែល​ថា «​អតិថិជន​គឺជា​ស្តេច»។ ពេល​ខ្លះ​អតិថិជន​ក៏​សប្បាយចិត្ត​ហើយ​ ក៏​អាច​ធ្លាក់​លុយ​ធីប​បាន​ច្រើន។

ប៉ុន្តែ​ពេល​ខ្លះ​ពាក្យ «​គោរព​មេ​» នេះ​អាច​ជា​កាយវិការ​មួយ​នៃ​ការ​អែបអប​របស់​មនុស្ស​ដើម្បីបុណ្យសក្តិ​ឬ​ដើម្បី​លាភ​សក្ការ​ៈជាដើម។ ជា​ទូទៅ​គេ​សង្កេត​ឃើញ​ថា មនុស្ស​ដែល​និយាយ «​គោរពមេ​» នេះ​យ៉ាង​ពីរោះ​ច្រើន​តែ​មិនសូវ​ពូកែ​ធ្វើការ​ទេ ច្រើន​តែ​ពួូកែ​អែបអប​ប៉ុណ្ណោះ។ អ្នកធំ​មួយ​ចំនួនចូល​ចិត្ត​ស្តាប់​ពាក្យពីរោះ​និង​​បញ្ចើចបញ្ចើច្រើន​ជាង​ស្តាប់​ការ​ពិតនិង​សកម្មភាព​ជាក់ស្តែង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​របស់​បុគ្គ​លិក​ក្រោម​បង្គាប់។

ដូច្នេះពេល​ខ្លះ​មនុស្ស​ពូកែ​ធ្វើ ប៉ុន្តែ​មិន​ពូកែ​និយាយ​នោះ មិន​មាន​តម្លៃ​ស្មើនឹង​មនុស្ស​ពូកែ​អែបអប​និង​ពូកែ​ប្រើ​ពាក្យ​«​គោរព​មេ​»​នេះ។ ក្នុង​ករណី​ដែល​ជួបនឹង​មេ​បែប​នេះ អ្នកធ្វើការ​ពិតប្រាកដដែល​មិន​ពូកែ​អែប​អប​​នោះ មិន​ទទួល​បានការ​សរសើរ​ឬ​ការ​លើកទឹកចិត្ត​ទេ ប៉ុន្តែ​បាន​ត្រឹមតែ​ឈឺចាប់​ប៉ុណ្ណោះ។ នៅ​ក្នុង​ការ​ងារ គេ​ត្រូវ​និយាយ​អំពីលទ្ធផល​ការងារ​ជាក់ស្តែងនិង​ការ​ទទួលខុស​ត្រូវជា​ជាង​ការ​ទទួលយក​ការ​អែបអប​របស់​មនុស្ស។ មេដឹកនាំ​ដែល​ទទួលស្គាល់​លទ្ធផល​ការងារ​ជាក់ស្តែង​របស់​បុគ្គលិក​នឹង​ទទួល​បានការ​គោរព​ពិតប្រាកដ និង​ចេញពី​បេះដូង​របស់​បុគ្គលិក។ ផ្ទុយ​មក​វិញ មេដឹកនាំ​ដែល​សប្បាយ​នឹងពាក្យ​អែបអប​​បាន​ទទួល​ត្រឹមតែ​ការ​គោរព​តែ​សំបក​ខាងក្រៅ​របស់​មនុស្ស​ពូកែ​និយាយ​មិន​ពូកែ​ធ្វើ​ប៉ុណ្ណោះ។ គេ​ក៏​ធ្លាប់​សង្កេត​​ឃើញ​ដែរ​មនុស្ស​បែប​នេះ​នឹង​លែង​គោរព​មេដឹកនាំ​បែប​នេះ​ដែរ នៅ​ពេល​ដែល​មេដឹកនាំ​នេះ​ត្រូវ​បាន​ផ្ទេរ​មុខ​តំណែង​ឬ​ចូល​និវត្តន៍។ មេដឹកនាំ​បែប​នេះ​ក៏​ឈឺចាប់​ខ្លាំង​នឹង​អតីត​កូនចៅ​ដែល​ពូកែ​អែបអប​នេះ​ដែរ។

ដូច្នេះ​មេដឹកនាំ​ទាំងឡាយ​ត្រូវ​ប្រយត្ន​ចំពោះ​មនុស្ស​ពូកែ​និយាយ​ពាក្យ «​គោរព​មេ​» នេះ​ឱ្យ​បានច្រើន​ជា​ជាង​សប្បាយ​ចិត្តនឹង​ការ​ឮ​ពាក្យ​នេះ។ ចំណែក​មនុស្ស​ទូទៅ​ក៏​មិន​គួរ​ប្រើប្រាស់​ភាពអែបអប​បញ្ចើចបញ្ចើដើម្បី​ទទួល​បាន​ផល​ជា​លាភ​សក្ការៈឬ​ការ​ឡើងបុណ្យ​សក្តិឡើយ។ គេ​ត្រូវ​នាំ​គ្នា​ពង្រឹងសមត្ថភាព និង​ចំណេះ​ហើយ​បំពេញការងារ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ដើម្បី​ភាព​រីក​ចម្រើន​របស់​ខ្លួនឯង​ផង​និង​ដើម្បី​សង្គម​ជាតិ​ទាំងមូល​ផង។

សង្គម​នឹង​មិន​អាច​រីក​ចម្រើន​បាន​ឡើយ ប្រសិនបើសម្បូរ​តែ​មនុស្ស​ពូកែ​អែបអប​ដែល​មិន​ចេះ​ធ្វើ​អ្វី​លេច​ចេញ​ជា​ផ្លែផ្កា​ជាក់ស្តែង។ ប៉ុន្តែ​សង្គម​នឹង​កាន់តែ​រីក​ចម្រើន ប្រសិនបើសម្បូរមនុស្ស​ដែល​ពូកែ​ធ្វើ​ការងារ​និង​ប្រកបដោយ​ចំណេះដឹង។ សង្គម​កម្ពុជា​កំពុង​តែ​មានការផ្លាស់​ប្តូរ​ទៅ​រក​ភាព​កាន់តែ​ល្អ​ប្រសើរ ហើយ​សម័យកាល​នៃ​ការ​អែបអប​ក៏​នឹង​ចាប់ផ្តើម​បាត់​ឥ​ទ្ឋិ​ពល​របស់​វា​ជា​បណ្តើរ​ៗ​ដែរ។ ប៉ុន្តែ​បើយើង​មិន​ព្រម​លះបង់​វា​ចោល​ឱ្យ​គ្រប់គ្នា​ទេ​នោះ វា​នឹង​នៅ​តែ​តាម​លង​យើង​គ្រប់​គ្នា​ហើយ​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការ​រីក​ចម្រើន​របស់​មនុស្ស​និង​សង្គម៕
credit facebook ទូច គីមស្រ៊ាង

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?